Luke 20

ការ​សួរ​ផ្ចាញ់​អំពីសិទ្ធិ​អំណាច​របស់​ព្រះយេស៊ូ

1ថ្ងៃមួយនៅពេលព្រះអង្គ​កំពុង​បង្រៀនប្រជាជននៅក្នុង​ព្រះ​វិហារនិងប្រកាសដំណឹងល្អ​នោះ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យនិង​ពួក​ចាស់ទុំ​បាន​ក្រោក​ឈរ​ឡើង 2ទូលសួរថា៖ ​«ចូរ​ប្រាប់យើងមកតើ​អ្នក​ធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? ​តើ​នរណាឲ្យសិទ្ធិអំណាចនេះ​ដល់​អ្នក 3ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«ខ្ញុំ​នឹង​សួរពួកលោក​មួយ​សំណួរដែរ​ចូរ​ប្រាប់ខ្ញុំមក 4តើពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពីស្ថានសួគ៌​មក​ពីមនុស្ស 5ពួកគេក៏ពិគ្រោះគ្នាថា៖ ​«បើ​យើង​ឆ្លើយថា​មក​ពីស្ថានសួគ៌​នោះ​គាត់​នឹង​និយាយថា​ចុះ​ហេតុអ្វីបានជា​ពួក​លោក​មិនជឿលោកយ៉ូហាន? 6ប៉ុន្ដែបើ​យើង​ឆ្លើយថាមកពីមនុស្ស​នោះ​ប្រជាជនទាំងអស់​មុខ​ជា​ចោលយើង​នឹង​ដុំ​ថ្មព្រោះ​គេ​រាប់​លោក​យ៉ូហានថាជាអ្នកនាំព្រះបន្ទូល» 7ពួកគេក៏​ទូល​ឆ្លើយថា៖ ​«មិនដឹងមក​ពី​ណាទេ» 8ព្រះយេស៊ូក៏មានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«ខ្ញុំ​ក៏​មិនប្រាប់ពួកលោកដែរថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី»។

រឿង​អ្នកចំការ​ដ៏​អាក្រក់​

9ព្រះអង្គ​ចាប់ផ្ដើមមានបន្ទូល​ប្រាប់​ប្រជាជន​ពី​រឿង​ប្រៀប​ប្រដូចនេះថា៖ ​«មាន​បុរសម្នាក់​បាន​ធ្វើចម្ការទំពាំងបាយជូរមួយរួចប្រវាស់​ឲ្យ​ពួក​អ្នកចម្ការហើយក៏ចេញ​ដំណើរ​ទៅ​អស់​រយៈ​ពេលយ៉ាងយូរ 10លុះដល់​រដូវ​ប្រមូល​ផល​គាត់​ក៏​ចាត់បាវបម្រើម្នាក់​ឲ្យ​ទៅ​ពួក​អ្នកចម្ការដើម្បី​ឲ្យ​ពួកគេ​ចែកផលនៃចម្ការទំពាំងបាយជូរ​ដល់​គាត់ប៉ុន្ដែ​ពួក​អ្នកចម្ការ​បាន​វាយបណ្ដេញបាវនោះ​ឲ្យ​មក​វិញ​ដោយ​ដៃទទេ 11គាត់ក៏បន្ដចាត់បាវបម្រើ​ម្នាក់​ទៀតឲ្យទៅប៉ុន្ដែពួកគេ​បាន​វាយបាវបម្រើ​នោះ​ទាំងប្រមាថ​ទៀត​ផង​ហើយ​បណ្ដេញ​ឲ្យ​មក​វិញ​ដោយ​ដៃទទេ 12គាត់ក៏បន្ដចាត់​អ្នក​ទីបីឲ្យទៅប៉ុន្ដែពួកគេ​បាន​វាយ​ម្នាក់​នេះ​ឲ្យ​របួសដែរ​ហើយ​បោះ​ទៅ​ខាង​ក្រៅ 13ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា​តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងដូចម្ដេច? ​ខ្ញុំ​នឹង​ចាត់កូនប្រុស​ជា​ទីស្រលាញ់​របស់​ខ្ញុំឲ្យទៅប្រហែលជា​ពួកគេ​គោរព​កូន​នេះ។ 14ប៉ុន្ដែកាល​ពួក​អ្នកចម្ការឃើញ​ក៏​និយាយគ្នាថា​ម្នាក់​នេះជា​អ្នក​ស្នងមរតក​ចូរ​យើង​សម្លាប់វា​ចោល​ទៅ​មរតក​ទាំងអស់​នឹង​ត្រលប់ជា​របស់​យើង​ហើយ។ 15ពួកគេក៏បោះកូន​ប្រុស​នោះ​ទៅ​ក្រៅចម្ការទំពាំងបាយជូរ​ហើយ​សម្លាប់ចោល។ ​បន្ទាប់មក​តើ​ម្ចាស់ចម្ការទំពាំងបាយជូរ​នឹង​ធ្វើដូចម្ដេច​ចំពោះ​ពួកគេ? 16គាត់នឹង​មកសម្លាប់​ពួក​អ្នកចម្ការទាំងនេះ​វិញ​ហើយឲ្យចម្ការទំពាំងបាយជូរនោះ​ទៅ​អ្នក​ចម្ការ​ផ្សេងទៀត»។ ​ពេល​ឮ​ដូច្នេះ​ពួកគេ​និយាយថា៖ ​«សូម​កុំ​ឲ្យ​មាន​រឿង​បែបនេះ​កើត​ឡើង​ឡើយ» 17ព្រះអង្គក៏មើល​ទៅ​ពួកគេ​ទាំង​មានបន្ទូលថា៖ ​«ចុះ​តើ​សេចក្ដី​ដែល​ចែង​ទុក​មក​ថាថ្មដែល​ជាង​សំណង់បោះ​បង់​ចោលនោះបានត្រលប់ជា​ថ្ម​ដ៏​សំខាន់នៅតាមជ្រុង​វិញ​មាន​ន័យ​យ៉ាងដូចម្ដេច? 18អ្នកណាធ្លាក់លើថ្មនេះ​អ្នក​នោះ​នឹង​ត្រូវ​បាក់បែក​ហើយ​ប្រសិនបើ​ថ្ម​នេះ​ធ្លាក់លើអ្នកណា​វិញ​វា​នឹង​កិនកម្ទេចអ្នកនោះ»។ 19ពួកសម្ដេចសង្ឃនិង​ពួក​គ្រូវិន័យរកចាប់ព្រះអង្គនៅពេលនោះព្រោះ​ពួកគេ​ដឹងថា​ព្រះអង្គ​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូចនោះ​គឺ​សំដៅលើពួកគេប៉ុន្ដែ​ពួកគេ​ខ្លាចប្រជាជន

ព្រះជាម្ចាស់ និងព្រះចៅ​សេសា​

20ដូច្នេះ​ពួកគេ​ក៏ចាត់​អ្នក​ស៊ើបការណ៍ក្លែងជា​អ្នក​សុចរិតឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្នដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុសព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ហើយប្រគល់ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នកគ្រប់គ្រងនិង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល 21ពួកគេបាន​សួរព្រះអង្គថា៖ ​«លោក​គ្រូអើយ! ​យើងដឹងថា​លោក​និយាយនិងបង្រៀនយ៉ាង​ត្រឹម​ត្រូវហើយ​លោក​មិនយោគយល់មុខ​មនុស្ស​ណា​ឡើយផ្ទុយទៅវិញ​លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត 22តើការ​បង់ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជ​នោះ​ត្រឹម​ត្រូវ​តាម​វិន័យ​ដែរទេ 23ពេលព្រះអង្គ​ឈ្វេងយល់​ពី​ល្បិចកល​របស់​ពួកគេក៏មានបន្ទូលទៅពួកគេថា 24«ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​តើ​កាក់​នេះ​មានរូបនិងចំណារ​របស់​នរណា?» ​ពួកគេទូលថា៖ ​«ព្រះចៅអធិរាជ» 25ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«ដូច្នេះ​ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅអធិរាជដល់ព្រះចៅអធិរាជអ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ» 26ដូច្នេះពួកគេ​មិនអាចចាប់កំហុសព្រះបន្ទូល​របស់​ព្រះអង្គនៅ​ចំពោះ​មុខប្រជាជន​បាន​ឡើយ​ពួកគេ​នៅ​ស្ងៀមស្ងាត់ទាំងនឹកអស្ចារ្យពីចម្លើយ​របស់​ព្រះអង្គ

ពួក​គណៈ​សាឌូស៊ី​ និងការ​រស់​ឡើង​វិញ​

27ពួកអ្នកខាងគណៈសាឌូស៊ីខ្លះដែលនិយាយ​ជំទាស់​ថាគ្មាន​ការ​រស់​ឡើង​វិញ​បាន​ចូលមកជិតសួរព្រះអង្គថា 28«លោក​គ្រូ​លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ប្រសិនបើបងប្រុស​របស់​អ្នក​ណា​ម្នាក់មានប្រពន្ធហើយប៉ុន្ដែស្លាប់ទៅ​ដោយ​គ្មាន​កូន​សោះនោះប្អូន​របស់​គាត់​ត្រូវ​យកប្រពន្ធ​របស់​គាត់​ដើម្បីបង្កើតកូន​ឲ្យ​គាត់ 29ឥឡូវនេះមានបងប្អូន​ប្រុស​ប្រាំពីរនាក់បង​ប្រុស​ច្បង​បាន​យកប្រពន្ធប៉ុន្ដែ​បាន​ស្លាប់ទៅគ្មាន​កូន​សោះ 30ប្អូនប្រុសទីពីរ 31និងប្អូន​ប្រុស​ទីបី​បាន​យកនាង​ទៀត​ហើយ​បង​ប្អូន​ប្រុស​ទាំងប្រាំពីរនាក់នោះ​បាន​ស្លាប់ទៅដោយគ្មានកូនដូចគ្នា 32នៅទី​បំផុតស្ដ្រីនោះក៏ស្លាប់ដែរ 33ដូច្នេះនៅពេលរស់​ឡើង​វិញ​តើ​នាងជាប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​ពួកគេ? ​ដ្បិត​បង​ប្អូន​ប្រុស​ទាំង​ប្រាំពីរនាក់​បាន​យកនាង​ធ្វើជា​ប្រពន្ធ​គ្រប់គ្នា» 34ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ពួក​កូនចៅ​នៃ​ជំនាន់នេះរៀបការ​ជា​ប្ដី​ប្រពន្ធ 35ប៉ុន្ដែអស់​អ្នកដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសមទទួល​បាន​ចំណែក​នៃ​ជំនាន់នោះ​ព្រមទាំង​ការ​រស់​ពីស្លាប់ឡើងវិញ​គេ​មិនរៀបការជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ 36ព្រោះពួកគេដូច​ជា​ពួក​ទេវតាមិនអាចស្លាប់ទៀតឡើយជាកូន​របស់​ព្រះជាម្ចាស់និងជាកូននៃ​ការ​រស់​ឡើង​វិញ 37សូម្បីតែលោក​ម៉ូសេ​ក៏​បាន​បង្ហាញនៅត្រង់គុម្ពបន្លាដែរ​ពី​ការ​ដែល​មនុស្ស​ស្លាប់រស់ឡើងវិញ​គឺ​ពេល​គាត់​ហៅព្រះអម្ចាស់​ថា​ព្រះ​របស់​អ័ប្រាហាំព្រះ​របស់​អ៊ីសាកនិងព្រះ​របស់​យ៉ាកុប 38ដូច្នេះព្រះជាម្ចាស់​មិន​មែន​ជាព្រះ​របស់​មនុស្ស​ស្លាប់ទេប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់ព្រោះ​មនុស្ស​ទាំងអស់មានជីវិត​ដោយសារ​ព្រះអង្គ»។ 39ពួកគ្រូវិន័យខ្លះ​បាន​ឆ្លើយថា៖ ​«លោក​គ្រូ​លោក​និយាយ​បាន​ល្អណាស់» 40ហើយពួកគេមិនហ៊ានសួរព្រះអង្គ​អំពី​អ្វី​ទៀត​ឡើយ

សំនួរ​អំពីព្រះមែស៊ី​

41ព្រះ​យេស៊ូ​មានបន្ទូល​សួរ​ពួកគេថា៖ ​«តើ​ដូចម្ដេចបានជា​ពួកគេ​និយាយ​ថា​ព្រះ​គ្រិស្ដជាពូជពង្សដាវីឌដូច្នេះ? 42ដ្បិតដាវីឌនិយាយក្នុងគម្ពីរទំនុកតម្កើងថាព្រះអម្ចាស់មានបន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំថា​ចូរ​អង្គុយនៅ​ខាង​ស្ដាំយើង 43រហូតដល់យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់ជើង​របស់​អ្នក 44ដូច្នេះបើ​ដាវីឌហៅព្រះអង្គថា​ជា​ព្រះអម្ចាស់​តើ​ព្រះអង្គ​ជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ

ការ​ព្រមាន​ដល់​ពួក​គ្រូ​វិន័យ​

45ពេល​ប្រជាជនទាំងអស់កំពុងស្ដាប់​ព្រះអង្គ​ក៏មានបន្ទូលទៅ​ពួក​សិស្សព្រះអង្គថា 46«ចូរ​ប្រយ័ត្ននឹង​ពួក​គ្រូវិន័យដែលចូលចិត្ដ​ពាក់​អាវវែងដើរ​ចុះ​ដើរឡើង​ឲ្យ​គេ​គោរពនៅតាម​ទី​ប្រជុំជនហើយចូលចិត្ដអង្គុយមុខគេក្នុង​សាលាប្រជុំ​និង​នៅ​កន្លែងកិត្ដិយសក្នុងពិធីជប់លៀង 47ពួកគេបំផ្លាញទ្រព្យសម្បត្ដិ​របស់​ស្ដ្រីមេម៉ាយហើយធ្វើ​ពុត​ជាអធិស្ឋានយ៉ាងយូរ​អ្នក​ទាំងនោះ​នឹង​ទទួលទោសធ្ងន់​ជាង​គេ»។
Copyright information for KhmKCB